-
ឌូបៃ ប្រែក្លាយពីក្រុងខ្សាច់ទៅជា ទីក្រុងស៊ីវិល័យ ប្រមូលផ្ដុំដោយអគារខ្ពស់ស្កឹមស្កៃកប់មេឃ រហូតជាប់ឈ្មោះជាក្រុង ដែលមានអគារ (Burj Khalifa) ខ្ពស់បំផុតលើពិភពលោកទៀតផង សណ្ឋាគារផ្កាយ៧ ដំបូងបង្អស់ ការប្រកួតប្រជែងសំញែងរថយន្តទំនើបជាដើម។ ក្រៅពីនេះនៅមានរឿងដ៏អស្ចារ្យទៀត គឺគំនិតច្នៃប្រឌិត យកផ្កា និងកូនឈើ កន្លះលានដើម សង់ជា Airbus 380 ទម្ងន់ជាង ១០០តោន រហូតបំបែកឯតទគ្គកម្មពិភពលោក។
-
ការតម្កើងគ្រោងឆ្អឹង និងដាំផ្កា ដែលទទួលបានកំណត់ត្រាអស្ចារ្យបំផុតមួយនេះ ចំណាយពេល ១៨០ថ្ងៃ ប្រើប្រាស់កម្លាំងពលកម្មលើស ២០០នាក់ ធ្វើការ ១០ម៉ោងក្នុងមួយថ្ងៃ។ រថយន្តផ្កាដ៏ធំនេះមានប្រវែង ៧៣ម៉ែត្រ និងកម្ពស់ជាង ១០ម៉ែត្រ។ សម្រាប់ទម្ងន់ជាក់ស្ដែងរបស់យន្តហោះពិត A380 គឺ ៥៧២តោន។
Airbus 380 ច្នៃចេញពីផ្កា នៅក្រុង ឌូបៃនេះ ចុះឈ្មោះក្នុងបញ្ជីកំណត់ត្រាពិភពលោកនៅ ថ្ងៃទី ២ធ្នូ ២០១៦។
-
មិនត្រឹមតែប៉ុណ្ណឹងទេ យន្តហោះផ្ការាប់រយតោននេះស្ថិតក្នុងសួនផ្កាធំជាងគេបង្អស់ មានឈ្មោះថា Miracle Garden ស្ថិតក្នុងតំបន់ Al Barsha ក្រុងឌូបៃ។ ក្រៅពីយន្តហោះក្រអូបឈ្ងុយឈ្ងប់នេះ នៅមានការច្នៃប្រឌិតជាច្រើនទៀតចេញពីផ្កាចម្រុះពណ៌ដូចគ្នា។ ក្នុងសួនទាំងមូល សរុបផ្កាដែលយកទៅឌីហ្សាញទាំងអស់មាន ៤៥លានដើម។
-
អាស្រ័យដោយអាកាសធាតុក្ដៅហួតហែង ឬដល់កម្ដៅដល់ ៥០អង្សារ នារដូវក្ដៅ សួនមួយនេះ មិនបើកដំណើរការពេញ មួយឆ្នាំទេ។
លោក Amir Jan មគ្គុទេស ទេសចរណ៍ បានឲ្យ Sabay ដឹងថា “សួននេះគេបើកតែ ៦ខែទេ គឺចាប់ពី សីហា ដល់ មេសា...ចូលដល់ខែក្ដៅ ផ្ការាប់លានដើមនេះ គេប្រមូលផ្កាទាំងនោះចេញទៅទុក រហូតដល់ផុតរដូវក្ដៅ។ បើផ្កាហ្នឹងទុកចឹង ងាប់ខ្ទេចមិនខាន ព្រោះក្ដៅរហូត ៥០អង្សារ”។
-
ទាំងគូស្នេហ៍ អ្នកទៅថត Pre-Wedding និងអ្នកទៅកម្សាន្តជាច្រើនទៀត សរុបជាង ១,៥ លាននាក់រៀងរាល់ឆ្នាំ ទៅលេងភាពស្រស់បំព្រងដែលច្នៃចេញពីផ្កាទៅជាផ្ទាំងទស្សនីយភាពផ្សេងៗមិនដែលខាន។ សំបុត្រចូលទស្សនា មានតម្លៃចាប់ពីជាង ៨-១១ដុល្លារ៕
Comments
Post a Comment